អ្នកចាត់ការក្លឹប PSG លោក Luis Enrique ថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងរឿងអនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe ឡើយគិតមកទល់ពេលនេះ។
ពេលសួរដោយអ្នកសារព័ត៌មានថាអនាគត Mbappe នឹងទៅជាយ៉ាងណា លោក Enrique ឆ្លើយយ៉ាងខ្លីថារហូតមកដល់ពេលនេះ Mbappe មិនទាន់និយាយរឿងហ្នឹងប្រាប់លោកឡើយ។
Mbappe មានកុងត្រាជាមួយ PSG រហូតដល់ខែមិថុនា ឆ្នាំ ២០២៤។ នេះមានន័យថា សុពលភាពកុងត្រារបស់កីឡាករវ័យ ២៥ ឆ្នាំមានត្រឹម ៦ ខែទៀតប៉ុណ្ណោះ បើនៅតែមិនបន្តកុងត្រា។
PSG ចង់ឲ្យ Mbappe បន្តកុងត្រាជាមួយក្លឹប តែ Mbappe នៅតែមិនព្រម។ របាយការណ៍ចុងក្រោយមួយចំនួនបានឲ្យដឹងថា ក្លឹបធំៗជាច្រើនជាពិសេស Real Madrid កំពុងតាមដានស្ថានភាពនេះយ៉ាងចិត្តទុកដាក់ ហើយព្យាយាមបញ្ចុះបញ្ចូលចង់ឲ្យ Mbappe មកចូលរួមជាមួយខ្លួន ពេលចប់ពី PSG ទៅ។
Mbappe បានមកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧។ កីឡាករលេងសរុប ២៨៧ ប្រកួត និងស៊ុតចូល ២៤០ គ្រាប់៕