លោក​ គាំ ស៊ាងហ៊ីន៖​ «តេជោលីគ»​ នេះ​វិសាខា​ទាល់តែ​ប្រឹង​ហាត់​បើ​ដេក​ស្រមៃ​គឺ​មិន​អាច​បាន​ពាន​ទេ​

គ្រូ​បាល់ទះ​ជើង​ចាស់​លោក​ គាំង​ ស៊ាងស៊ីន​ ថា​ការ​ប្រកួត​ពាន​រង្វាន់​ «តេជោលីគ»​ សមាសភាព​ក្រុម​គឺ​ល្អៗ​ និង​ខ្លាំង​ប្រហាក់ប្រហែល​គ្នា​ ដូច្នេះ​ក្លឹប​វិសាខា​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ល្អ​បើ​គ្រាន់​តែ​ដេក​ស្រមៃ​នោះ​ទេ​គឺ​មិន​អាច​ឈាន​ទៅ​ដល់​ការ​ដណ្ដើម​ពាន​នេះ​ទេ។​

លោក​ គាំ ស៊ាងហ៊ីន​ គ្រូ​បង្វឹក​ក្លឹប​បាល់ទះ​វិសាខា​ ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​ជា​មួយ​ខាង​ក្រុម​វៀតណាម​យប់​មិញ​នេះ​ថា​ សមាសភាព​ក្រុម​ដែល​ចូលរួម​លេង​ពាន​រង្វាន់​ «តេជោលីគ»​ ឆ្នាំ​២០២៣-២០២៤​ នេះ​សុទ្ធតែ​ល្អៗ​ និង​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា។​

ចំពោះ​កីឡាករ​វិសាខា​គឺ​មិន​អាច​រំពឹង​ ឬ​ស្រមៃ​ឈ្នះ​មេដាយ​ ឈ្នះ​ពាន​នេះ​បាន​ទេ​លុះត្រាតែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ទើប​អាច​សម្រេច​បាន។យ៉ាងណា​គ្រូ​បង្វឹក​រូប​នេះ​សំណូមពរ​ដល់​មហាជន​ឲ្យ​ជួយ​គាំទ្រ​ទាំង​អស់​គ្នា​ដើម្បី​វិស័យ​បាល់ទះ​រឹតតែ​រីកចម្រើន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។​

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​ធ្វើ​ពិធី​បើក​ជា​ផ្លូវ​ការ​នៃ​ការ​ប្រកួត​ «តេជោលីគ»​ ឆ្នាំ​២០២៤​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ដែរ​គឺ​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤។​ ដោយ​ឡែក​ក្នុង​ជំនួប​មិត្តភាព​បើក​ការ​ប្រកួត​ម្សិលមិញ​នេះ​ក្លឹប​បាល់ទះ​វិសាខា​ យក​ឈ្នះ​លើ​ក្រុម​ SANEST KHANH HOA 3-1 (សិត)៕​