Isco ចុះកុងត្រារយៈពេលវែងជាមួយ Real Batis

ខ្សែបម្រើ Isco បានចុះកុងត្រារយៈពេលជាមួយ Real Batis។

កុងត្រាថ្មីនេះមានរយៈពេល ៤ ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៧។

ខ្សែបម្រើ Isco បានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ក្នុងរដូវកាល ២០២៣/២០២៤ នេះក្រោយចូលរួមជាមួយក្លឹប Real Betis កាលពីចុងខែកក្កដាកន្លងទៅ។

កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អជាពិសេសបោះបាល់បញ្ជូនបាល់បង្កើតឱកាសនិងស៊ុតបញ្ចូលទីតែម្ដង។

ការឡើងទម្រង់លេងនេះគឺជារឿងគួរឲ្យកត់សម្គាល់ព្រោះជាង ៩ ខែមុនមកចូលរួមជាមួយ Betis កីឡាករមិនបានចូលលេងប្រកួតបាល់ទាត់ផ្លូវការសូម្បីតែមួយនាទី។ មិនតែប៉ុណ្ណោះកីឡាករអត់មានក្លឹបលេងដល់ជាង ៧ ខែក្រោយបញ្ចប់កុងត្រាជាមួយ Sevilla កាលពី ខែធ្នូ ឆ្នាំ២០២២។

Isco ចំណាយពេលដល់ទៅ ៩ រដូវ កាលនៅ Real Madrid ពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០២២។ ក្នុងរយៈពេលខ្លះនៃ ៩ ឆ្នាំនោះ កីឡាករត្រូវ បានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាជាកីឡាករ​លេចធ្លោ។ ទោះជាយ៉ាងណាបញ្ហាមួយចំនួនដូចជាបញ្ហារបួសនិងការធ្លាក់ទម្រង់លេងធ្វើឲ្យ​កីឡាករ​មិនអាចក្លាយ​ជា​កីឡាករ​បង្គោល​របស់ Real បានហើយក៏ចែកផ្លូវគ្នា​ទៅចូល​រួម​ជាមួយ​ Sevilla កាល​ពី​ខែ​សីហា​ ឆ្នាំ២០២២។ នៅ​ Sevilla បាន​ ៣ ខែ​កីឡាករ​ក៏​បាន​ព្រមព្រៀង​ដើរ​ចេញ​ជា​មួយ​ក្លឹប​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២២។ អត់​ក្លឹប​លេង​ជាង​៧ ខែ​ទើប​កីឡាករ​បាន​មក​ចូល​លេង​ឲ្យ Betis ក្នុង​រដូវកាល​នេះ៕