Onana នឹង​អវត្តមាន​មួយ​រយៈ​ពី Man Utd

អ្នក​ចាំ​ទី​ដៃ​ទី​មួយAndre Onana នឹង​អវត្តមាន​មួយ​រយៈ​ពី​ក្លឹប​ Manchester United ដោយ​ត្រូវ​ទៅ​ជួយ​ក្រុម​ជម្រើស​ជាតិ​កាមេរ៉ូន​ក្នុង​កម្មវិធី Africa Cup of Nations ហៅ​កាត់​ថា AFCON។

កំពូល​កម្មវិធី​បាល់ទាត់​​អាហ្វ្រិក​មួយ​នេះ នឹង​ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃ​ទី ១៣ មករា ដល់​ ១១ កុម្ភៈ ឆ្នាំ ២០២៤ នៅ​ប្រទេស​កូឌីវ័រ។ កម្មវិធី AFCON មាន ២៤ ក្រុម​ចូល​រួម​ សុទ្ធ​តំណាង​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក។ ក្នុង​នោះ​ក៏​មាន​កាមេរ៉ូន​ផង​ដែរ។

ក្នុង​ករណី​នេះ Onana អាច​នឹង​អវត្តមាន​ប្រមាណ ១ ខែ​ពេញ ពី​ការ​ជួយ​ក្រុម​បិសាច​ក្រហម បើ​សិន​ជា​កាមេរ៉ូន​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ក្នុង​កម្មវិធី AFCON នេះ។

នៅ​ពេល Onana អវត្តមាន អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​សញ្ជាតិ​ទួរគី Altay Bayindir នឹង​ឡើង​មក​ចាំ​ទី​ឲ្យ​បិសាច​ក្រហម​។

បច្ចុប្បន្ន Manchester United កំពុង​ឈរ​លេខ ៦ ក្នុង​ Premier League មាន ៣១ ពិន្ទុ​ក្នុង​ដៃ។ ក្លឹប​ទើប​តែ​ធ្លាក់​ពី​កម្មវិធី League Cup និងChampions Leagueកាល​ពី​ពេល​ថ្មីៗ​នេះ៕