កីឡាករ គង់ ម៉ូណាមិថុរ៉ា ថាពីមុនមកធ្លាប់តែគិតស្រមៃថាថ្ងៃណាមួយមានការប្រកួតជើងឯកថ្នាក់ជាតិ ឬពានរង្វាន់ហាប់គីដូ ឥលូវនេះអាចនឹងក្លាយជាការពិតហើយនៅថ្ងៃទី២៣-២៤ ធ្នូ ២០២៣ ស្អែកនេះ។
គង់ ម៉ូណាមិថុរ៉ា បានឲ្យដឹងថា រូបគេហ្វឹកហាត់កីឡាហាប់គីដូនេះតាំងពីឆ្នាំ២០០៧ មកម្ល៉េះបើគិតទៅប្រហែលជិត ២០ឆ្នាំហើយ។ ដោយក្ដីស្រឡាញ់ និងចង់ខ្លាំងពូកែដូចជាឪពុកដែលជាគ្រូបង្ហាត់ហាប់គីដូទើបជំរុញដល់ខ្លួនឲ្យហាត់រហូតមកដល់ពេលនេះ។
កីឡាករវ័យ ២៦ឆ្នាំខាងលើបន្ថែមទៀតថា តាំងពីហ្វឹកហាត់ហាប់គីដូជិត ២០ឆ្នាំមិនដែលធ្លាប់មានការប្រកួតប្រជែងជើងឯកថ្នាក់ជាតិ ឬពានរង្វាន់អ្វីនោះឡើយគឺមានត្រឹមតែសម្ដែងជូនថ្នាក់ដឹកនាំ ឬសម្ដែងក្នុងកម្មវិធីដំឡើងខ្សែក្រវាត់ប៉ុណ្ណោះ។ ឥលូវនេះអ្វីដែលធ្លាប់ស្រមៃចង់ឲ្យមានការប្រកួតជើងឯកថ្នាក់ជាតិដូចប្រភេទកីឡាផ្សេងនោះអាចនឹងក្លាយជាការពិតហើយនៅថ្ងៃស្អែកនេះ ព្រោះសហព័ន្ធហាប់គីដូ បានរៀបចំការប្រកួតជើងឯកលើកទី១ របស់ខ្លួននៅថ្ងៃទី២៣-២៤ ខែធ្នូ ២០២៣ នេះហើយ។



