អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ថាការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ និងពានរង្វាន់បណ្ឌិត ថោង ខុន លើកទី៧ ពិនិត្យឃើញថាមានលទ្ធផលល្អ និងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្ដម ណយ ផាណា បានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែងពីការប្រកួតប៉ុន្មានថ្ងៃនេះមើលឃើញថាមានលទ្ធផលល្អ ទី១ ក្មេងៗថ្នាលមានការប្រកួតប្រជែងគ្នាច្រើន ទី២ កីឡាករ កីឡាការិនីគ្រប់អាយុលេងស៊ីហ្គេម ក៏មានសមត្ថភាពកើនឡើងប្រសើរផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំមើលឃើញថាកីឡាករ កីឡាការិនីមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង ចំណែកលទ្ធផលវិញគឺអាចទទួលយកបាន។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា សរុបជារួមសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះគឺមានតម្លៃណាស់ចំពោះគណៈកម្មការបច្ចេកទេស ព្រោះចៅក្រមខិតខំធ្វើកិច្ចការនេះដោយតម្លាភាព មួយវិញទៀតបង្ហាញពីការយកចិត្តទុកដាក់របស់គ្រូបង្វឹកបណ្ដាក្លឹបនានាតាមរយៈកីឡាករ កីឡាការិនី ប្រកួតមានលក្ខណៈបច្ចេកទេសល្អប្រកបដោយការហ្វឹកហាត់ជាប់លាប់ និងមានប្រសិទ្ធភាព។
បញ្ជាក់ដែរថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួនរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ ២០ ខែធ្នូ។ ក្លឹបចូលរួមមាន ៨ មកពី៤ ក្រសួង រាជធានី-ខេត្ត និងសរុបកីឡាករ កីឡាការិនិ ៦៤នាក់៕